យើងជានរណា
វត្តរបស់យើង សទ្ធារបស់យើង សហគមន៍របស់យើង
វត្តពុទ្ធរង្សី — វត្តព្រះពុទ្ធសាសនាខ្មែរនៅទីក្រុងមែលប៊ន ដែលដំណើរការដោយ សមាគមពុទ្ធសាសនិកខ្មែរប្រចាំរដ្ឋវិចតូរីយ៉ា (Cambodian Buddhist Association of Victoria Incorporated) មានប្រវត្តិសាស្ត្រដែលផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយសហគមន៍ខ្មែរអូស្ត្រាលី។
បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម ប្រជាជនខ្មែរជាច្រើនត្រូវបានបង្ខំឱ្យចាកចេញពីមាតុភូមិរបស់ខ្លួន។
គ្រួសារជាច្រើនបានឆ្លងកាត់ទុក្ខលំបាក ភាពមិនប្រាកដប្រជា និងការបែកបាក់អស់រយៈពេលជាច្រើនឆ្នាំ ដោយមនុស្សជាច្រើនបានស្វែងរកទីជ្រកកោននៅតាមជំរំជនភៀសខ្លួនក្បែរព្រំដែនកម្ពុជា–ថៃ។
នៅដើមទសវត្សរ៍ឆ្នាំ ១៩៨០ ប្រទេសអូស្ត្រាលីបានទទួលស្វាគមន៍ជនភៀសខ្លួនកម្ពុជា និងផ្តល់ឱកាសដល់គ្រួសារជាច្រើនឱ្យកសាងជីវិតថ្មីឡើងវិញនៅក្នុងអូស្ត្រាលី។
នៅពេលដែលគ្រួសារខ្មែរកាន់តែច្រើនបានមកតាំងទីលំនៅក្នុងប្រទេសអូស្ត្រាលី សហគមន៍ខ្មែរថ្មីមួយក៏ចាប់ផ្តើមរីកចម្រើនឡើង។ មនុស្សគ្រប់គ្នាបានខិតខំប្រឹងប្រែងកសាងជីវិតថ្មី ចិញ្ចឹមបីបាច់កូនចៅ និងសម្របខ្លួនទៅនឹងភាសា និងវប្បធម៌ថ្មី។ ទោះជាយ៉ាងណា ក្នុងចំណោមការចាប់ផ្តើមថ្មីទាំងនេះ នៅតែមានបំណងប្រាថ្នាដ៏មុតមាំក្នុងការថែរក្សាអ្វីដែលមានតម្លៃយ៉ាងជ្រាលជ្រៅចំពោះយើង — ជំនឿព្រះពុទ្ធសាសនា មរតកខ្មែរ វប្បធម៌ខ្មែរ និងចំណងទាក់ទងរវាងខ្មែរនិងខ្មែរ។
ព្រះសង្ឃខ្មែរ ចាស់ព្រឹទ្ធាចារ្យ និងសមាជិកសហគមន៍បានយល់ឃើញពីសារៈសំខាន់នៃការមានទីកន្លែងមួយដែលមនុស្សគ្រប់រូបអាចមកជួបជុំគ្នា — ជាកន្លែងសម្រាប់បួងសួង ធ្វើបុណ្យ គាំទ្រគ្នាទៅវិញទៅមក និងមានអារម្មណ៍ថា ពួកយើងមានទីកន្លែងមួយដែលជារបស់យើង។
គ្មានទីកន្លែងណាសមស្របជាង វត្តព្រះពុទ្ធសាសនាខ្មែរ នោះឡើយ។
ជាវត្តមួយដែលព្រះសង្ឃរបស់យើងអាចបន្តបង្រៀនព្រះធម៌ និងណែនាំសហគមន៍។
ជាកន្លែងមួយដែលចាស់ព្រឹទ្ធាចារ្យរបស់យើងអាចស្វែងរកភាពស្និទ្ធស្នាល មិត្តភាព និងសេចក្តីសុខផ្លូវចិត្ត។
ជាកន្លែងមួយដែលក្រុមគ្រួសារអាចមកជួបជុំគ្នា ដើម្បីប្រារព្ធពិធីបុណ្យព្រះពុទ្ធសាសនាសំខាន់ៗ និងរក្សាប្រពៃណីខ្មែរ។
ជាកន្លែងមួយដែលកូនចៅជំនាន់ក្រោយអាចរៀនសូត្រអំពីជំនឿ វប្បធម៌ និងមរតករបស់ឪពុកម្តាយ ជីដូនជីតារបស់ពួកគេ។
ចេញពីក្តីសង្ឃឹមរួមគ្នានេះ វត្តពុទ្ធរង្សីក៏បានចាប់កំណើតឡើង។
កសាងឡើងដោយសហគមន៍
វត្តពុទ្ធរង្សីមិនបានកើតឡើងដោយការខិតខំរបស់បុគ្គលណាម្នាក់ ឬក្រុមណាមួយតែឯងនោះទេ។ វត្តនេះត្រូវបានកសាងឡើងដោយ ជំនឿ សទ្ធាជ្រះថ្លា សប្បុរសធម៌ និងការប្តេជ្ញាចិត្តរួមគ្នារបស់សហគមន៍ខ្មែរ។
អស់រយៈពេលជាច្រើនឆ្នាំ មនុស្សរាប់មិនអស់បានចូលរួមចំណែកក្នុងវិធីផ្សេងៗគ្នា។
លើសពីវត្តអារាម
សព្វថ្ងៃនេះ វត្តពុទ្ធរង្សីមិនត្រឹមតែជាវត្តព្រះពុទ្ធសាសនាខ្មែរមួយនៅទីក្រុងមែលប៊នប៉ុណ្ណោះទេ — វត្តនេះគឺជាកន្លែងដែលផ្ដល់នូងផ្លូវចិត្ត និងទីពឹងផ្លូវធម៌សម្រាប់សហគមន៍ខ្មែរអូស្ត្រាលី។
វាជាកន្លែងដែលយើងអាចប្រតិបត្តិ និងសិក្សា ព្រះធម៌របស់ព្រះពុទ្ធថែរក្សា ប្រពៃណី និងភាសាខ្មែរ គោរពចាស់ព្រឹទ្ធាចារ្យ
វត្តនេះភ្ជាប់មនុស្សជំនាន់ដែលនៅតែចងចាំជីវិតនៅកម្ពុជា ជាមួយកូនចៅជំនាន់ថ្មីដែលកើត និងធំធាត់នៅប្រទេសអូស្ត្រាលី។
វាជាកន្លែងដែលយើងអាចប្រតិបត្តិ និងសិក្សា ព្រះធម៌របស់ព្រះពុទ្ធ ថែរក្សា ប្រពៃណី និងភាសាខ្មែរ គោរពចាស់ព្រឹទ្ធាចារ្យ ប្រារព្ធពិធីបុណ្យរួមគ្នា និងជួយធានាថា មរតកវប្បធម៌របស់យើងនឹងបន្តស្ថិតស្ថេរទៅដល់កូនចៅជំនាន់ក្រោយៗទៀត។
ប្រវត្តិរបស់យើងបានចាប់ផ្តើមពីមនុស្សមួយក្រុមដែលស្វែងរកទីកន្លែងដែលពួកគាត់អាចមានអារម្មណ៍ថាជាផ្ទះ និងជាកន្លែងរបស់ខ្លួន។
តាមរយៈជំនឿ សទ្ធាជ្រះថ្លា សប្បុរសធម៌ និងស្មារតីសហគមន៍ ពួកគាត់បានរួមគ្នាបង្កើតទីកន្លែងនោះឡើង។
ដោយក្តីដឹងគុណដ៏ជ្រាលជ្រៅបំផុត
យើងខ្ញុំសូមឆ្លៀតឱកាសនេះ សម្តែងនូវកតញ្ញូតាធម៌ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ សហគមន៍ខ្មែរ សប្បុរសជន និងអ្នកស្ម័គ្រចិត្តគ្រប់រូប ទាំងអតីតកាល និងបច្ចុប្បន្ន ដែលបានចូលរួមចំណែកក្នុងការកសាង និងថែរក្សាវត្តពុទ្ធរង្សី។
ចំពោះអ្នកដែលមានឈ្មោះត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ និងជាពិសេសចំពោះអ្នកដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងធ្វើការដោយស្ងៀមស្ងាត់នៅពីក្រោយឆាក — ការចូលរួមចំណែករបស់អ្នកទាំងអស់គ្នា គឺជាផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់វត្តនេះ។
អស់លោកញាតិញោមទាំងអស់គ្នាបានជួយកសាងអ្វីដែលមានអត្ថន័យលើសពីទីកន្លែងសម្រាប់គោរពបូជា។
អស់លោកញាតិញោមទាំងអស់គ្នាបានជួយថែរក្សាជំនឿរបស់យើង បន្តមរតករបស់យើង ពង្រឹងវប្បធម៌របស់យើង និងរក្សាសហគមន៍របស់យើងឱ្យនៅរួបរួមគ្នា។
ចំពោះគុណូបការៈទាំងអស់នេះ យើងខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត។
វត្តពុទ្ធរង្សីជាវត្តរបស់យើងទាំងអស់គ្នា — កសាងឡើងដោយសហគមន៍ ទ្រទ្រង់ដោយជំនឿ និងថែរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយៗតទៅ។